ថ្ងៃច័ន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
ព្រះចៅអធិការវត្តស្វាយរមៀត ប្រគល់គ្រឿង ឧបភោគបរិភោគជូនសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដើម្បីរួមចំណែកជួយប្រជាពលរដ្ឋជួបការខ្វះខាត
Sun,18 October 2026 (Time 08:52 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 14នាក់)

ព្រះចៅអធិការវត្តស្វាយរមៀត ប្រគល់គ្រឿង
ឧបភោគបរិភោគជូនសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដើម្បីរួមចំណែកជួយប្រជាពលរដ្ឋជួបការខ្វះខាត

នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះចៅអធិការវត្តបារាយមហានិទីរតនារាម (ហៅវត្តស្វាយរមៀត) បានប្រគល់គ្រឿងឧបភោគបរិភោគជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ និងជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្រីក្រ គ្រួសារងាយរងគ្រោះ និងប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតដោយសារគ្រោះធម្មជាតិផ្សេងៗ។

ព្រះសច្ចានុបាល នឿម វុទ្ធី មានថេរដីកាថា ការចែករំលែក និងការជួយគ្នាទៅវិញទៅមក គឺជាគុណធម៌ដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធបរិស័ទគ្រប់រូបគួរប្រកាន់ខ្ជាប់ និងអនុវត្តក្នុងជីវិតប្រចាំថ្ងៃ។ ការជួយអ្នកដែលកំពុងជួបការលំបាក មិនថាជំនួយតិចឬច្រើននោះទេ គឺសុទ្ធតែមានតម្លៃ និងអាចជួយសម្រាលបន្ទុកជីវភាពរបស់ពួកគាត់បានមួយកម្រិត។ ការប្រគល់អំណោយនាពេលនេះ គឺជាការបង្ហាញពីព្រះទ័យសប្បុរសធម៌ និងការចូលរួមចំណែករបស់វិស័យព្រះពុទ្ធសាសនា ក្នុងការជួយដល់សង្គម ជាពិសេសប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅ និងអ្នកដែលទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ ដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះអាសន្នផ្សេងៗ។


ក្នុងឱកាសនោះដែរ ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធ ព្រះសមុហ៍គណខេត្តសៀមរាប បានមានថេរដីកាថា៖ «ក្នុងនាមជាអ្នកបួសក្នុងព្រះពុទ្ធសាសនា យើងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍មេត្តា ករុណា និងការចែករំលែក។ នៅពេលឃើញប្រជាពលរដ្ឋកំពុងជួបការលំបាក យើងមានសេចក្តីអាណិតអាសូរ និងចង់ចូលរួមចំណែកជួយតាមលទ្ធភាពដែលយើងមាន។

ព្រះអង្គសង្ឃឹមថា គ្រឿងឧបភោគបរិភោគទាំងនេះ នឹងត្រូវបានបន្តយកទៅជួយដល់បងប្អូនប្រជាពលរដ្ឋដែលពិតជាមានតម្រូវការ ជាពិសេសគ្រួសារក្រីក្រ និងអ្នកដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ។

ព្រះអង្គក៏បានអំពាវនាវដល់ព្រះសង្ឃ ពុទ្ធបរិស័ទ សប្បុរសជន និងគ្រប់មជ្ឈដ្ឋាន សូមបន្តចូលរួមក្នុងសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគ តាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីរួមគ្នាជួយដល់អ្នកដែលកំពុងជួបការខ្វះខាត និងលើកកម្ពស់ស្មារតីសាមគ្គីភាពក្នុងសង្គម៕


លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថា ការទទួលបានអំណោយពីព្រះសង្ឃនាពេលនេះ គឺជាកម្លាំងគាំទ្រដ៏មានសារៈសំខាន់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងការបន្តបេសកកម្មមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងគ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយផ្សេងៗ ឱ្យទទួលបានការយកចិត្តទុកដាក់ និងការជួយសម្រាលការលំបាកបានទាន់ពេលវេលា។ សកម្មភាពនេះក៏បានឆ្លុះបញ្ចាំងពីការរួមចំណែករបស់ព្រះពុទ្ធសាសនា និងសប្បុរសជន ក្នុងការកសាងសង្គមមួយដែលពោរពេញដោយសេចក្តីស្រឡាញ់ ក្តីមេត្តា ការចែករំលែក និងការមិនបោះបង់គ្នាក្នុងគ្រាលំបាក។

សូមជម្រាបថា: សម្ភារដែលបានប្រគល់ជូនរួមមាន៖ អង្ករ ២ តោន ទឹកបរិសុទ្ធ ១០០កេស មី ៥០កេស ទឹកត្រី ៣០យួរ ទឹកស៊ីអ៊ីវ ៣០យួរ ត្រីខ ២០យួរ បច្ច័យចំនួន ៤ លានរៀល។

អត្ថបទ និងរូបភាព: លោក ទ្រា ពន្លឺ
កែសម្រួល: លោក ហាំ ម៉េងហួត

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
127 នាក់
ម្សិលមិញ :
222 នាក់
សប្តាហ៍នេះ :
1550 នាក់
ខែនេះ :
7051 នាក់
3 ខែនេះ :
26743 នាក់
សរុប :
2103055 នាក់

វីដែអូ