ថ្ងៃច័ន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
គ្រួសារមានប័ណ្ណសមធម៌ ជាង១ពាន់គ្រួសារ រស់នៅក្រុងរុនតាឯកតេជោសែន ទទួលបានការគាំទ្រពីគម្រោង EMPOWER លើការចិញ្ចឹមមាន់ ចិញ្ចឹមចង្រិត ដាំបន្លែក្នុងផ្ទះសំណាញ់ និងបណ្តុះផ្សិត
Fri,23 October 2026 (Time 07:06 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 8នាក់)

គ្រួសារមានប័ណ្ណសមធម៌ ជាង១ពាន់គ្រួសារ រស់នៅក្រុងរុនតាឯកតេជោសែន ទទួលបានការគាំទ្រពីគម្រោង EMPOWER លើការចិញ្ចឹមមាន់ ចិញ្ចឹមចង្រិត ដាំបន្លែក្នុងផ្ទះសំណាញ់ និងបណ្តុះផ្សិត

គ្រួសារដែលមានប័ណ្ណសមធម៌ ក្រ១ និងក្រ២ រស់នៅ រស់នៅក្រុងរុនតាឯកតេជោសែន ចំនួន ១ ៣៩៣គ្រួសារ ទទួលបានការគាំទ្រពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) លើការចិញ្ចឹមមាន់ ចិញ្ចឹមចង្រិត ដាំបន្លែក្នុងផ្ទះសំណាញ់ និងបណ្តុះផ្សិត
ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា អនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលដៅជួយគាំទ្រដល់គ្រួសារកសិករក្រីក្រ ឱ្យមានមុខរបរកសិកម្មសមស្របទៅនឹងសក្តានុពលក្នុងមូលដ្ឋាន ពង្រឹងសមត្ថភាពផលិតកម្ម បង្កើនប្រាក់ចំណូល និងធានាបាននូវសន្តិសុខស្បៀងសម្រាប់គ្រួសារ។

លោក ម៉ៅ ឧស្សាហ៍ អភិបាលរងក្រុងរុនតាឯកតេជោសែន បានឲ្យដឹងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះថាសម្រាប់ក្រុងរុនតាឯកតេជោសែន មានគ្រួសារដែលត្រូវបានជ្រើសរើសរួចរាល់ មាន ចំនួន១ ៣៩៣គ្រួសារ ដែលជាគ្រួសារមានប័ណ្ណសមធម៌ក្រ១ និងក្រ២ និងទទួលបានកាគាំទ្រទៅលើមុខរបរចំនួន៤ មានដូចជា ចិញ្ចឹមមាន់ ៨៦០គ្រួសារ ដាំបន្លែក្នុងផ្ទះសំណាញ់ ១១៦គ្រួសារ បណ្តុះផ្សិត ២៨០គ្រួសារ និងចិញ្ចឹមចង្រិត ១៣៧គ្រួសារ។

លោកបន្ថែមថានៅថ្ងៃទី២៣ ខែតុលានេះ ប្រជាពលរដ្ឋទាំង ១០០ គ្រួសារ បានទទួលធាតុចូលកសិកម្ម រួមមាន ចំណីមាន់ចំនួន ៣ ការុងក្នុងមួយគ្រួសារ ស្នូកដាក់ទឹក និងចំណីមាន់ ព្រមទាំងសៀវភៅណែនាំអំពីបច្ចេកទេសចិញ្ចឹមមាន់។ ជាមួយគ្នានេះ ការបណ្តុះបណ្តាលអំពីបច្ចេកទេសចិញ្ចឹមមាន់ក៏បានបញ្ចប់រួចរាល់ផងដែរ ដើម្បីឱ្យកសិករមានចំណេះដឹង និងជំនាញជាមូលដ្ឋានសម្រាប់អនុវត្តមុខរបរនេះ។ ចំណែកពូជមាន់ នឹងត្រូវផ្តល់ជូននៅដំណាក់កាលបន្ទាប់។ ដែលនេះជាការរួមចំណែកដ៏សំខាន់ក្នុងការភ្ជាប់ការគាំទ្រផ្នែកសម្ភារៈជាមួយនឹងការផ្តល់ចំណេះដឹងបច្ចេកទេស ដើម្បីជួយឱ្យគ្រួសារទទួលបានអត្ថប្រយោជន៍ពីគម្រោង និងអាចបន្តអភិវឌ្ឍមុខរបររបស់ខ្លួននាពេលអនាគត។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោក ម៉ៅ ឧស្សាហ៍ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលការគាំទ្រក្រោមគម្រោង Empower សូមយកចិត្តទុកដាក់ប្រើប្រាស់ធាតុចូលកសិកម្មដែលទទួលបានក្នុងថ្ងៃនេះឱ្យបានត្រឹមត្រូវ និងចំគោលដៅព្រមទាំងយកចំណេះដឹងបច្ចេកទេសដែលបានសិក្សាកន្លងមកទៅអនុវត្តជាក់ស្តែង។ សូមបងប្អូនយល់ថា ការគាំទ្រនេះមិនមែនត្រឹមតែជាការផ្តល់សម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសមួយសម្រាប់បង្កើតមុខរបរ និងកសាងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ ដូច្នេះ សូមខិតខំថែទាំមាន់ឱ្យបានល្អ រក្សាអនាម័យ អនុវត្តតាមការណែនាំបច្ចេកទេស និងចេះគ្រប់គ្រងការចំណាយ ដើម្បីបង្កើនលទ្ធភាពទទួលបានផលចំណេញ។

ក្នុងនាមរដ្ឋបាលក្រុង លោកនឹងបន្តសហការជាមួយក្រសួង មន្ទីរ អង្គភាពជំនាញ និងក្រុមការងារគម្រោង ដើម្បីជំរុញការអនុវត្តសកម្មភាពនេះឱ្យមានប្រសិទ្ធភាព ជំរុញឱ្យការគាំទ្រនេះទទួលបានលទ្ធផលជាក់ស្តែង និងមាននិរន្តរភាព ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរ អង្គភាពជំនាញ ក្រុមការងារគម្រោង Empower និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការគ្នា ដើម្បីនាំយកការគាំទ្រ និងចំណេះដឹងបច្ចេកទេសមកជូនប្រជាពលរដ្ឋ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលមានជីវភាពខ្វះខាត ពុំទាន់មានមុខរបរនៅក្នុងក្រុងរុនតាឯកតេជោសែន តាមរយៈការជំរុញការអភិវឌ្ឍវិស័យកសិកម្មលក្ខណៈគ្រួសារ និងការបង្កើតឱកាសរកប្រាក់ចំណូលនៅមូលដ្ឋាន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
133 នាក់
ម្សិលមិញ :
222 នាក់
សប្តាហ៍នេះ :
1556 នាក់
ខែនេះ :
7057 នាក់
3 ខែនេះ :
26749 នាក់
សរុប :
2103061 នាក់

វីដែអូ