កម្ពុជា-វៀតណាម បើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារព្រំដែន និងការបណ្តុះបណ្តាលធនធានមនុស្សកិច្ចប្រជុំប្រចាំឆ្នាំ២០២៦ រវាងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាម ត្រូវបានធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដែលកិច្ចប្រជុំនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ិន សុខា នាយកទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងលោកឧត្តមសេនីយ៍ ជិន ង៉ុកហ៊ូ មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម ធ្វើជាសហប្រធាន។នៅក្នុងអង្គប្រជុំ ភាគីទាំងពីរបានពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់លើលទ្ធផលនៃការអនុវត្តកំណត់ហេតុកិច្ចប្រជុំឆ្នាំ២០២៥ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ។ ការពិភាក្សានេះធ្វើឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ សំដៅលើកកម្ពស់ចំណងមិត្តភាពកម្ពុជា-វៀតណាម ឱ្យឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន លើចំណុចសំខាន់ៗចំនួន ៦។ក្នុងនោះ ភាគីវៀតណាមបានស្នើសុំបង្កើនកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការពារព្រំដែនវៀតណាម និងមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន នៃទីចាត់ការការងារព្រំដែនកម្ពុជា លើការងារបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធន៍ និងវិធីសាស្ត្របង្រៀន ដើម្បីលើកស្ទួយសមត្ថភាព និងគុណភាពក្រុមយោធាចារ្យនៃអង្គភាពទាំងពីរ។ ទន្ទឹមនឹងនេះ ភាគីវៀតណាមក៏បានទទួលយកសំណូមពររបស់ភាគីកម្ពុជា ស្តីពីការបណ្តុះបណ្តាលជំនាញការពារព្រំដែនគ្រប់ជាន់ថ្នាក់ ដើម្បីរាយការណ៍ជូនក្រសួងការពារជាតិនៃប្រទេសទាំងពីរពិនិត្យ និងសម្រេច។មានប្រសាសន៍ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស៊ិន សុខា បានបញ្ជាក់ថា កិច្ចប្រជុំនេះមិនត្រឹមតែជាជំនួបតាមកាលកំណត់ប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីកម្មបង្ហាញពីទំនាក់ទំនងយូរអង្វែង កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការគោរពគ្នាទៅវិញទៅមក។ លោកបានបន្ថែមថា ក្នុងបរិបទសន្តិសុខតំបន់ និងសកលលោកដែលមានភាពស្មុគស្មាញ កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរម៉ឺងម៉ាត់លើគោលនយោបាយការបរទេសដែលឱ្យតម្លៃលើសន្តិភាព អព្យាក្រឹតភាព មជ្ឈភាពអាស៊ាន និងច្បាប់អន្តរជាតិ។លោកឧត្តមសេនីយ៍ទោ បានគូសបញ្ជាក់បន្ថែមថា៖ «ការដោះស្រាយ និងប្រយុទ្ធប្រឆាំងបញ្ហាសន្តិសុខ មិនអាចធ្វើឡើងក្នុងភាពឯកោបានឡើយ គឺចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការពីប្រទេសជាមិត្ត ជាពិសេសប្រទេសជិតខាង។ ការងារការពារព្រំដែនទាមទារឱ្យមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ ភាពបត់បែន និងកិច្ចសហប្រតិបត្តិការឥតងាករេ»។ លោកក៏បានសម្តែងក្តីសុទិដ្ឋិនិយមថា លទ្ធផលនៃកិច្ចប្រជុំនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ជាលទ្ធផលចុងក្រោយ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំប្រចាំឆ្នាំ២០២៦ និងបានព្រមព្រៀងគ្នាកំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំបន្ទាប់ផងដែរ៕អត្ថបទ៖ លោក ម៉ី សុខារិទ្ធកែសម្រួល៖ លោក អ៊ុន ណារាជ្យ
ចំនួនអ្នកទស្សនា
វីដែអូ