អាជ្ញាធរខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយនូវការផ្ដល់សេវារដ្ឋបាល យន្តការច្រកចេញចូលតែមួយជូនដល់សិស្សនិស្សិតក្នុងខេត្តសៀមរាបសៀមរាប៖នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរខេត្តសៀមរាប បានបន្តចុះផ្សព្វផ្សាយអំពីបែបបទ នីតិវិធីនៃការទទួល ផ្តល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត និងធ្វើការបង្ហាញពីការចូលប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយ ជូននិស្សិតនៅសាកលវិទ្យាល័យ សៅស៍អុីសថ៍អេយសៀ (USEA) ខេត្តសៀមរាប ។លោក ស្មៀន ប៊ុនធឿន នាយករង រដ្ឋបាលសាលាខេត្ត មានប្រសាសន៍ថា យន្តការនេះបានចាប់តាំងពីឆ្នាំ២០០៣ និងបានដាក់ឱ្យអនុវត្តសាកល្បងដំបូងនៅឆ្នាំ២០០៥ នៅខេត្តសៀមរាបនិងខេត្តបាត់ដំបង ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍។ គោលបំណងនៃការបង្កើតអង្គភាពច្រកចេញចូលនេះ គឺដើម្បីប្រមូលផ្ដល់សេវារដ្ឋបាលមួយចំនួន ដែលទទួលបានការធ្វើប្រតិភូកម្មពីក្រសួង ស្ថាប័ននានាឱ្យស្ថិតនៅកន្លែងតែមួយ និងត្រូវមានបែបបទនីតិវិធី ដែលមានលក្ខណៈសាមញ្ញ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព ភាពជឿទុកចិត្ដបាន និងគ្មានអំពើពុករលួយ។លោកបន្តទៀតថា ការផ្ដល់សេវាតាមរយៈការិយាល័យច្រកចេញចូលតែមួយ នៅថ្នាក់ក្រុង ស្រុក ខណ្ឌ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ដីពីយន្តការច្រកចេញចូលតែមួយ សម្រាប់ការផ្ដល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលចែកចេញជា ៣កម្រិត រួមមាន ថ្នាក់រាជធានីខេត្ត ថ្នាក់ក្រុង ស្រុក ខណ្ឌ និងថ្នាក់ឃុំសង្កាត់។លោក ម៉ន សំអាត ប្រធានអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តសៀមរាប បានបង្ហាញថា រាជរដ្ឋាភិបាលបានដាក់ចេញនូវ អនុក្រឹត្យលេខ១៨ គឺដើម្បីបង្កើតយន្តការច្រកចេញចូលតែមួយនៅថ្នាក់ក្រោមជាតិ។ក្នុងការស្នើសុំសេវា គឺត្រូវជំនួសមកវិញនូវការផ្តល់សេវាដែលមានទីតាំង តម្លៃ និងពេលវេលាច្បាស់លាស់។ក្នុងនោះមានការងារនីត្យានុកូលកម្ម ការងាររដ្ឋបាល វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យសាធារណៈ និងដឹកជញ្ជូន វិស័យព័ត៌មាន វិស័យវប្បធម៌ និងសិល្បៈ វិស័យបរិស្ថាន វិស័យឧស្សាហកម្ម វិស័យរ៉ែ វិស័យដែនដី វិស័យកសិកម្ម និងវិស័យការងារ។លោកបានអំពាវនាវដល់និស្សិតទាំងអស់ ឱ្យយកចំណេះដឹងដែលទទួលបានអំពីការផ្តល់សេវារដ្ឋបាលតាមរយៈយន្តការច្រកចេញចូលតែមួយទៅធ្វើការចែករំលែក និងផ្សព្វផ្សាយបន្តដល់ឪពុកម្ដាយ អាណាព្យាបាល និងមិត្តភក្ដិ ឱ្យបានយល់ដឹងច្បាស់អំពីសិទ្ធិ នីតិវិធី និងភាពងាយស្រួលក្នុងការទទួលសេវារដ្ឋបាល ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់៕អត្ថបទ៖ លោក ទុំ សាមុតកែសម្រួល៖ លោក អ៊ុន ណារាជ្
ចំនួនអ្នកទស្សនា
វីដែអូ