ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ជាទិវាខួប១៥ឆ្នាំគត់ នៃគ្រោះថ្នាក់មហន្តរាយនុយក្លេអ៊ែរនៅ ហ្វ៊ូគូស្ហ៊ីម៉ា ដែលបង្កឡើងដោយរលកយក្សស៊ូណាមិ និងគ្រោះរញ្ជួយដី។ គ្រោះថ្នាក់មហន្ត រាយនុយក្លេអ៊ែរនៅហ្វ៊ូគូស្ហ៊ីម៉ា បានសម្លាប់ និងធ្វើឲ្យមនុស្សរងគ្រោះរាប់ម៉ឺននាក់ ព្រមទាំងបង្កផលវិបាកខ្លាំង ដោះស្រាយមិនទាន់ចប់ មកទល់សព្វថ្ងៃ។ ទោះម្តេចក្តី នុយក្លេអ៊ែរស៊ីវិល នៅតែបន្តជាស្នូលយុទ្ធសាស្ត្រ ដើម្បីឯករាជ្យភាពថាមពល របស់រដ្ឋាភិបាលជប៉ុនបច្ចុប្បន្ន។ ថ្ងៃខួបរំឭក១៥ឆ្នាំ នៃគ្រោះថ្នាក់មហន្តរាយនុយក្លេអ៊ែរនៅហ្វ៊ូគូស្ហ៊ីម៉ា នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីជី សាណាអេ ធ្វើពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ។ គ្រោះថ្នាក់មហន្តរាយនុយក្លេអ៊ែរនៅហ្វ៊ូគូស្ហ៊ីម៉ា ឆ្នាំ២០១១ បង្កសោកនាដកម្មដ៏ធ្ងន់ធ្ងរ។ មនុស្សស្លាប់យ៉ាងហោច ១៨ ០០០ នាក់។ ប្រជាជនច្រើនម៉ឺននាក់មានបញ្ហាសុខភាព។ ផលវិបាកផ្សេងៗជាច្រើនរហូតមកដល់សព្វថ្ងៃ តួយ៉ាង ទឹកផ្ទុកសារធាតុវិទ្យុសកម្ម កើនឡើងៗដល់ជាង ១៣ លានម៉ែត្រគួប រួមទាំង កម្ទេចនុយក្លេអ៊ែរ ចំនួនជាង ៨៨០តោន ហើយដីផ្ទុកជាតិពុលច្រើនសន្ធឹក ដែលត្រូវដោះស្រាយ។ម្ល៉ោះហើយ នុយក្លេអ៊ែរ ជាប្រធានបទដ៏រសើបនៅជប៉ុន។ ប្រជាជនជប៉ុន បាក់ស្បាត ដ្បិតធ្លាប់ឃើញសោកនាកកម្មគ្រាប់បែកនុយក្លេអ៊ែរអាម៉េរិកឆ្នាំ១៩៤៥ ហើយ ជប៉ុនក៏ធ្លាក់ខ្លួនរងគ្រោះ១ជាន់ទៀត នៅហ៊្វូគីស្ហ៊ីម៉ា។មុនគ្រោះថ្នាក់នុយក្លេអ៊ែរនៅហ៊្វូគីស្ហ៊ីម៉ា ជប៉ុនមានក្បាលរ៉េអាក់ទ័រនុយក្លេអ៊ែរ ចំនួន ៥៤ គ្រឿង នៅមជ្ឈមណ្ឌល ១៨ ដែលអាចផ្គត់ផ្គង់ថាមពលអគ្គិសនីប្រើប្រាស់ ៣០% ក្នុងស្រុកជប៉ុន។ តែក្រោយថ្ងៃទី១១មីនាឆ្នាំ២០១១ រដ្ឋាភិបាលជប៉ុន ជាបន្តបន្ទាប់ បានកាត់បន្ថយដំណើរការរ៉េអាក់ទ័រ។ ថាមពលអគ្គិសនីផលិតចេញពីក្បាលរ៉េអាក់ទ័រ ធ្លាក់មកសល់ត្រឹមតែ ជាង ៨%ប៉ុណ្ណោះ នៃការផ្គត់ផ្គង់ថាមពល។សព្វថ្ងៃ ជប៉ុនមានក្បាលរ៉េអាក់ទ័រដែលកំពុងដំណើរបានតែ ៣៣ គ្រឿង។ នេះក៏ព្រោះតែ ជប៉ុនខំប្រឹងជម្នះដាក់ឲ្យដំណើរការឡើងវិញ បន្តិចម្តងៗ ពីឆ្នាំ២០១៥មក។ ក្នុងរដ្ឋាភិបាលថ្មីរបស់លោកស្រី តាកាអ៊ីជី សាណាអេ គឺលោកស្រីបានជំរុញខ្លាំងឲ្យដាក់ដំណើរការក្បាលរ៉េអាក់ទ័រឡើងវិញ និងដោយចាត់ទុកជាយុទ្ធសាស្ត្រស្នូលសម្រាប់ឯករាជ្យភាពវិស័យថាមពល។ លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន ក៏សង្ឃឹមថា ក្បាលរ៉េអាក់ទ័រជប៉ុន អាចនឹងផ្គត់ផ្គង់តម្រូវការប្រើប្រាស់អគ្គិសនី ចំនួន ២០% នៅឆ្នាំ២០៤០។ដោយឡែក ចំពោះការចាត់ចែងការសំណល់ជាតិពុលវិញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន លោក Ryōsei Akazawa បានបញ្ជាក់ក្នុងសប្តាហ៍នេះ ថា រដ្ឋាភិបាលទីក្រុងតូក្យូបានលើកសំណើដើម្បីយកកោះមួយ គឺកោះ Minami-Tori-shima ដើម្បីរក្សាផ្ទុកកាកសំណល់វិទ្យុសកម្ម។ មានទំហំ១,៥គីឡូម៉ែត្រក្រឡា កោះនេះគ្មានមនុស្សរស់នៅទេ និងជាកន្លែងហាមមិនឲ្យភ្ញៀវទេសចរចូលទៅឡើយ។ក្នុងថ្ងៃរំឭកខួប ១៥ឆ្នាំ នៃគ្រោះថ្នាក់មហន្តរាយនុយក្លេអ៊ែរនៅហ្វ៊ូគូស្ហ៊ីម៉ា និងចំខួប៤០ឆ្នាំនៃមហន្តរាយនុយក្លេអ៊ែរនៅ Tchernobyl, រដ្ឋាភិបាលបារាំង បានបើកកិច្ចប្រជុំកំពូលស្តីពីថាមពលនុយក្លេអ៊ែរស៊ីវិល នៅទីក្រុងប៉ារីស ថ្ងៃទី១១មីនា។ ជំហរបារាំង គឺនុយក្លេអ៊ែរស៊ីវិល ជាថាមពលស្អាត និងដើម្បីឯករាជ្យម្ចាស់ការលើវិស័យថាមពល។ ក្នុងបរិបទពិភពលោកសព្វថ្ងៃនេះ គេមិនត្រូវលាក់លៀមសោះឡើយ ក្នុងការពិភាក្សាអំពីរឿងថាមពលនុយក្លេអ៊ែរស៊ីវិល។ នេះបើតាមថ្នាក់ដឹកនាំបារាំង។ បរិបទពិភពលោកដែលបារាំងចង់សំដៅដល់នោះគឺ តម្លៃប្រេងនិងឧស្ម័នហ្កាសហក់ឡើងថ្លៃខ្ពស់កប់ពពក ព្រោះតែដចេញពីវិបត្តិសង្គ្រាមអ៊ុយក្រែន និងសង្គ្រាមអ៊ីរ៉ង់។ជាមួយគ្នានេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ក៏បានសង្កត់ធ្ងន់ព្រមគ្នាៗ ថា ជាកំហុសយុទ្ធសាស្ត្រដ៏ធ្ងន់ដែល អឺរ៉ុបនិងអាល្លឺម៉ង់ ធ្លាប់យល់ព្រមដើរចេញពីថាមពលថាមពលនុយក្លេអ៊ែរស៊ីវិល កាលពី១៥ឆ្នាំមុន៕
ចំនួនអ្នកទស្សនា
វីដែអូ