(សៀមរាប)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះបដិមា «ព្រះវិស្ណុគង់ លើ ស្ដេចគ្រុឌ» ស្ថិតនៅរង្វង់មូល មុខ វិទ្យាល័យសម្តេចឪ ឬរង្វង់មូលអតីតព្រលានយន្តហោះអន្តរជាតិសៀមរាប និងបួងសួងសុំសេចក្តីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ នាព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។នៅក្នុងពិធីនេះផងដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ហ៊ុន ស៊ីណាត, លោកស្រី ហង់ ភារី អ៉ឹមសិទ្ធី, លោកស្រី ឆាយ ស៊ីណា ជីវកេង, លោក ប្រាក់ សោភណ្ឌ និងលោកស្រី, លោក មាន ចាន់យ៉ាដា, លោកអ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា គៀន ស្រីនៀង, លោកស្រី នេត្រ ភូម៉ារី, លោកស្រី អ៉ឹង មុយគាង, ព្រមទាំងលោក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ។គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ និងរដ្ឋបាលខេត្តសៀមរាប បានសហការគ្នារៀបចំពិធីមង្គលបួងសួងសុំយាង «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ដង្ហែចេញពីទឹកដីខេត្តឧត្ដរមានជ័យ មកកាន់ទីតាំងដើមនេះវិញ។ «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» មិនត្រឹមតែជារូបសំណាកសក្ការៈនោះទេ ប៉ុន្តែគឺជាដួងព្រលឹង ដែលនាំមកនូវសេចក្តីសុខសន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជារាស្ត្រខ្មែរ។ រូបសំណាកនេះ ត្រូវបានដកចេញ និងជំនួសរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ នៅអំឡុងឆ្នាំ២០១០ ឬ២០១១ ដោយរូបសំណាកនេះ ត្រូវបានយកទៅដាក់នៅក្បែររង្វង់មូលរដ្ឋបាល ខេត្តឧត្តរមានជ័យ។
ចំនួនអ្នកទស្សនា
វីដែអូ