ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
បញ្ជូនជនសង្ស័យ៣នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
Fri,28 August 2026 (Time 04:23 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 21នាក់)

បញ្ជូនជនសង្ស័យ៣នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបន្ទាយមានជ័យ៖កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ជួប តុងជឺ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្តីពីករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) ដែលប្រព្រឹត្តកាលពីវេលាម៉ោង២០និង៤០នាទី ថ្ងៃទី១៩ ខែសីហា ២០២៦ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះធ្វើការស្រាវជ្រាវ និងឈានដល់កំណត់មុខសញ្ញា រហូតនៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិ កំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានចំនួន០២នាក់ ឈ្មោះ សុខ វ៉ាន់ណា ហៅក្រៅពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ និងឈ្មោះ យក់ យួង ហៅក្រៅ ទូ ភេទប្រុស អាយុ២៦ឆ្នាំ រួមទាំងដកហូតវត្ថុតាង ម៉ូតូ ម៉ាកហុងដា Zoomer X ពណ៍ត្រួយចេកលាយ ពណ៍ខ្មៅ គ្មានផ្លាក
លេខចំនួន០១គ្រឿង ។ រហូតដល់វេលាម៉ោង១៣ និង៤០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដោយយោងចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ ប្រាប់ថាម៉ូតូដែលពួកគេខ្ចីបានយកម៉ូតូទៅដាក់បញ្ចាំទៅឱ្យជនមិនស្គាល់អត្តសញ្ញាណ នៅចំណុចផ្សាដើមពុទ្រា ក្នុងក្រុងប៉ោយប៉េត។ បន្ទាប់មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានសហកាជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានស្វែងរកម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ឡើងតែមឆ្នាំ២០២០ ចំនួន០១គ្រឿង ដែលជនសង្ស័យបានយកទៅបញ្ចាំ ហើយអ្នកដែលបញ្ចាំបានយកម៉ូតូនោះទៅទុកចោល នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកអ្នកបញ្ចាំបន្ត រហូតឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ សុខ គិមសង ហៅតឿ ភេទប្រុស អាយុ២២ឆ្នាំ បាននាំមកកាន់មូលដ្ឋានប៉ោយប៉ែត ប្រគល់ជូនមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីធ្វើការសួរនាំ ចាត់ការតាមនីតិវិធី និងបានធ្វើតស្តទឹកនោមរកសារធាតុញៀន វិជ្ជមាន(+)ទាំង៣នាក់។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយសួរនាំរួច ពិនិត្យឃើញថាពិតជាមានការស៊ីសង្វាក់គ្នាយ៉ាងជាក់លាក់ពីករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។

សមត្ថកិច្ចដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី ចំណែកវត្ថុតាងម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
408 នាក់
ម្សិលមិញ :
261 នាក់
សប្តាហ៍នេះ :
2936 នាក់
ខែនេះ :
9641 នាក់
3 ខែនេះ :
33971 នាក់
សរុប :
2092421 នាក់

វីដែអូ