ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
ថ្នាក់ដឹកនាំខេត្តសៀមរាប ចាត់ទុកការសិក្សាអប់រំ ជាឃ្លាំងនៃចំណេះដឹងទូទៅ និងជាកូនសោរសម្រាប់បើកទ្វារអនាគតរបស់យុវជន
Fri,11 September 2026 (Time 04:52 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 9នាក់)

ថ្នាក់ដឹកនាំខេត្តសៀមរាប ចាត់ទុកការសិក្សាអប់រំ ជាឃ្លាំងនៃចំណេះដឹងទូទៅ និងជាកូនសោរសម្រាប់បើកទ្វារអនាគតរបស់យុវជន

សៀមរាប៖ថ្នាក់ដឹកនាំខេត្តសៀមរាប បានលើកឡើងថា បើគ្មានការអប់រំទេ គឺមិនអាចធ្វើឱ្យសង្គមមួយរីកចម្រើនបានឡើយ ព្រោះការសិក្សាអប់រំ ជាឃ្លាំងនៃចំណេះដឹងទូទៅ និងជាកូនសោរសម្រាប់បើកទ្វារអនាគតយុវជនយើងគ្រប់រូប។ នេះបើតាមប្រសាសន៍ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ក្នុងពិធីចែកបណ្ណសរសើរជូនសិស្សានុសិស្សជាប់បាក់ឌុប និងប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាថ្នាក់ទី៦ ទី៩ ទី១២ ឆ្នាំសិក្សា២០២៥-២០២៦ របស់សាលាវេសហ្គេតអន្តរជាតិ។

លោកស្រី ម៉ននី រង្សី បានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ បន្តខិតខំប្រឹងប្រែងចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្ស ពិសេសពង្រឹងមូលដ្ឋានគ្រឹះចំណេះដឹងចាប់ពីវ័យក្មេង ដោយអាណាព្យាបាលទាំងអស់ ត្រូវជំរុញកូនៗឱ្យរៀនភាសាខ្មែរឱ្យចេះច្បាស់ និងអានសៀវភៅឱ្យបានច្រើន ដោយរំលេចថាការអានសៀវភៅ នាំឱ្យកាត់បន្ថយការកាន់ទូរសព្ទ ឬគ្រឿងអេឡិចត្រូនិកនានា ហើយការអានសៀវភៅនាំឱ្យកើនចំណេះ និងផ្ដោតអារម្មណ៍បានល្អ។ ម្យ៉ាងទៀត ត្រូវទូន្មានប្រៀនប្រដៅដល់កូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន ពីព្រោះគ្រឿងញៀនអាចបំផ្លាញខ្លួនឯង បំផ្លាញគ្រួសារ និងបំផ្លាញសង្គមជាតិទាំងមូលផងដែរ។

លោកស្រីអភិបាលរងខេត្ត ក៏បានសំណូមពរដល់លោកគ្រូ-អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ត្រូវប្រឹងប្រែងឱ្យអស់កម្លាំងកាយចិត្តខិតខំគាំទ្រ និងបំពេញការងារ ស្របតាមតួនាទី និងភារកិច្ច ធ្វើយ៉ាងណាឱ្យការងារអប់រំដល់សិស្សានុសិស្ស ឆ្លើយតបទៅនឹងចតុស្ដម្ភទាំងបួនរបស់វិស័យអប់រំជាតិ ដោយលោកគ្រូ អ្នកគ្រូ ត្រូវបញ្ចេញសមត្ថភាពបង្រៀន និងអប់រំសិស្សឱ្យបានល្អទាំងក្នុងប្រព័ន្ធ ការអប់រំក្រៅប្រព័ន្ធ ទាំងការអប់រំមិនផ្លូវការ ជាតម្រូវការ ដែលកុមារ និងយុវជនទាំងអស់ត្រូវការ។

លោក រ័ត្ន រស្មី នាយកសាលាវេសហ្គេតអន្តរជាតិ បានបង្ហាញថា ឆ្នាំសិក្សា ២០២៥-២០២៦នេះ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មាននិទ្ទេស A ២នាក់, B ១២នាក់, C ១២នាក់, D ២៧ និងនិទ្ទេស E ១៣នាក់។ ក្រៅពីលទ្ធផលនេះ សាលាមានសិស្សឆ្នើមផ្នែកកម្មវិធីភាសាខ្មែរ ១៤១នាក់ ភាសាអង់គ្លេស ៨៧នាក់ និងផ្នែកភាសាចិន ២៤នាក់។ ហើយសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ខាងមុខ សិស្សប្រឡងបាក់ឌុបទទួលបានពិន្ទុ ១០០ពេញ នឹងទទួលបានរង្វាន់លើកទឹកចិត្ត ៨០លានរៀល ចំណែកសិស្សបានពិន្ទុ ៩៩.៩៩ នឹងទទួលបាន៤០លានរៀល ដែលនេះជាការជំរុញកម្លាំងចិត្តនៃការខិតខំប្រឹងប្រែងរបស់កូនៗមួយកម្រិតទៀត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
347 នាក់
ម្សិលមិញ :
261 នាក់
សប្តាហ៍នេះ :
2875 នាក់
ខែនេះ :
9580 នាក់
3 ខែនេះ :
33910 នាក់
សរុប :
2092360 នាក់

វីដែអូ