រដ្ឋបាលខេត្តសៀមរាប ចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពពាក់ព័ន្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាព របស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូ Zoom ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូបទៀត។ក្នុងឱកាសនោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការណ៍ម៉ឺងម៉ាត់ជាបន្តបន្ទាប់ ដើម្បីជំរុញឱ្យអាជ្ញាធររាជធានី-ខេត្ត ពង្រឹងសមត្ថភាពមន្ត្រីក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលត្រូវបានចាត់ទុកជា «សេដ្ឋកិច្ចខ្មៅ» បំផ្លាញកិត្តិយសជាតិ។ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រាជរដ្ឋាភិបាលបានដាក់ចេញបទបញ្ជាដល់អភិបាលរាជធានី-ខេត្ត ត្រូវរួមសហការគ្នា មានភាពម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញដល់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវរៀបចំជាក្រុមការងារចល័តតូចៗ ដើម្បីតាមដាន និងឈានទៅបង្ក្រាបក្រុមប្រព្រឹត្តបទល្មើស ដែលបច្ចុប្បន្នបានបំបែកជាក្រុមតូចៗ (ប្រមាណ ៦ ទៅ ៧នាក់) ហើយព្យាយាមលាក់ខ្លួនរស់នៅលាយឡំជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ជាមួយគ្នានេះ ត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយ និងដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យបានយល់ដឹងទូលំទូលាយពីល្បិចកលរបស់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា តាមរយៈការធ្វើវេទិការសាធារណៈនៅតាមបណ្តារាជធានី-ខេត្តទាំងអស់។
ចំនួនអ្នកទស្សនា
វីដែអូ