ថ្ងៃច័ន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
ឯកសារក្បាលដីក្នុងភូមិចំនួន២ នៃឃុំស្លែងស្ពាន ស្រុកស្រីស្នំ ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យអ្នកពាក់ព័ន្ធចូលរួមពិនិត្យ ឬស្នើសុំកែតម្រូវ
Mon,21 September 2026 (Time 04:40 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 28នាក់)

ឯកសារក្បាលដីក្នុងភូមិចំនួន២ នៃឃុំស្លែងស្ពាន ស្រុកស្រីស្នំ ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យអ្នកពាក់ព័ន្ធចូលរួមពិនិត្យ ឬស្នើសុំកែតម្រូវ
‎
‎ឯកសារវិនិច្ឆ័យដីធ្លីចំនួន ២ ០០១ ក្បាលដី ក្នុងភូមិច្រនៀង និងភូមិព្រះខ្សែត ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ រួមនឹងអ្នកពាក់ព័ន្ធចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ និងស្នើសុំកែតម្រូវ ក្នុងពិនិត្យឃើញមានកំហុសឆ្គង ដែលការបិទផ្សាយនេះជាឱកាសចុងក្រោយដែលអាចកែតម្រូវ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ដល់ទី៥ ខែតុលា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តក្តីសុវណ្ណគីរីកេសរត្រោះ។
‎
‎លោកស្រី ញឹក សុភៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ដសៀមរាបបានបញ្ជាក់ថា ការបិទផ្សាយនេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋធ្វើការ ពិនិត្យទៅលើឈ្មោះ ទំហំដីឬព្រំប្រទល់ ប្រភេទទ្រព្យ។ ដោយនៅអំឡុងពេលនេះ មន្រ្តីជំនាញសុរិយោដី ដែលនៅប្រចាំការនៅទីនោះ នឹងរង់ចាំទទួលពាក្យបណ្តឹង ដោះស្រាយការតវ៉ា វិវាទផ្សេងៗក្នុងករណី ប្រជាពលរដ្ឋរកឃើញកំហុសឆ្គងដោយប្រការណាមួយ។
‎
‎ឯកឧត្តម ម៉ិត សុវណ្ណ សមាជិកក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ការបិទផ្សាយមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះ ប្រជាពលរដ្ឋត្រូវលះបង់ពេលវេលាមកពិនិត្យឈ្មោះ ទំហំដី និងទីតាំងដី ឱ្យបានត្រឹមត្រូវ ព្រោះនេះគឺជាឱកាសចុងក្រោយដែលបងប្អូនអាចពិនិត្យ ឬតវ៉ា។ ម៉្យាងវិញទៀតការចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់ នឹងជួយជៀសវាងកំហុសខុសឆ្គងណាមួយដែលស្នើសុំកែសម្រួលភ្លាមៗទាន់ពេលវេលា និងរួមចំណែកកាត់បន្ថយទំនាស់ដីធ្លីនៅក្នុងសង្គម។
‎
‎សូមបញ្ជាក់ថា បណ្ណកម្មសិទ្ធិមានសារៈសំខាន់ណាស់ ព្រោះវាធានាដោយច្បាប់ ការពារមិនឱ្យមាននរណាមកដណ្ដើម ឬបំពានបានឡើយ ហើយថែមទាំងងាយស្រួលក្នុងការយកទៅប្រកបអាជីវកម្ម ឬប្រើប្រាស់ផ្លូវច្បាប់។ ជាមួយគ្នានេះ មន្រ្ដីជំនាញ និងអ្នកប្រចាំការនៅទីនោះនឹងរង់ចាំធ្វើការពន្យល់ និងបកស្រាយរាល់ចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ៕

អត្ថបទ៖ លោក ទុំ សាមុត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
186 នាក់
ម្សិលមិញ :
222 នាក់
សប្តាហ៍នេះ :
1609 នាក់
ខែនេះ :
7110 នាក់
3 ខែនេះ :
26802 នាក់
សរុប :
2103114 នាក់

វីដែអូ