អាជ្ញាធរខេត្តសៀមរាប៖ បញ្ចប់ការសិក្សានៅសាលា គឺជាការចាប់ផ្តើមនៃ ការសិក្សាពេញមួយជីវិត នៅលើទីផ្សារការងារ និងបន្តអភិវឌ្ឍសមត្ថភាពខ្លួនឯងឥតឈប់ឈរថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ បរិញ្ញាបត្ររងបរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់លើកទី៣នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាសាខាខេត្តសៀមរាប នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦លោកស្រី ម៉ននី រង្សី អភិបាលរង ខេត្តសៀមរាប មានប្រសាសន៍ថា ជោគជ័យ និងសញ្ញាបត្រនា ពេលនេះ មិនមែនបានមកងាយៗនោះទេ វាគឺជាផ្លែផ្កា នៃការលះបង់ពេលវេលា កម្លាំងកាយចិត្ត និង ថវិកា ទាំងរបស់ខ្លួនឯងផ្ទាល់ ព្រមទាំងការជ្រោមជ្រែងពីអ្នកពាក់ព័ន្ធទាំងអស់។ ការសិក្សា អប់រំ គឺជាកូនសោរសម្រាប់បើកទ្វារអនាគតនិងជាឃ្លាំងនៃចំណេះដឹងទូទៅ ដែល មានលោកគ្រូ អ្នកគ្រូ ជាស្ថាបនិកផលិតធនធានមនុស្ស ក្រោមការខិតខំលះបង់ពេលវេលាបណ្តុះបណ្តាលសិស្សពីជំនាន់មួយទៅជំនាន់មួយទៀត ដើម្បីអនាគតកូនចៅប្រជាពលរដ្ឋ និងដើម្បីបុព្វហេតុនៃការ អភិវឌ្ឍប្រទេសជាតិ។ សញ្ញាបត្រដែលប្អូនៗទទួលបាននាពេលនេះ គឺជា “កូនសោ” ដ៏សំខាន់មួយក្នុងការបើកទ្វារឆ្ពោះទៅកាន់ពិភពការងារ និងអនាគតដ៏ភ្លឺស្វាង ប៉ុន្តែ សូមចាំថា ការបញ្ចប់ការសិក្សានៅសាលា គឺជាការចាប់ផ្តើមនៃ “ការសិក្សាពេញមួយជីវិត (Lifelong Learning)” នៅលើទីផ្សារការងារ និងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ភាពស្មោះ ត្រង់ ការចេះបត់បែនតាមកាលៈទេសៈ និងការបន្តអភិវឌ្ឍសមត្ថភាពខ្លួនឯងឥតឈប់ឈរ ដើម្បីក្លាយ ជាធនធានមនុស្សដ៏មានតម្លៃក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិយើង។ លោកស្រីម៉ននី រង្សី បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបន្តកសាង និងអភិវឌ្ឍធនធានមនុស្ស លើគ្រប់ផ្នែកប្រកបដោយគុណភាព និងមានគុណធម៌ល្អប្រពៃ ដែលឆ្លើយតបទៅនឹងសំណូមពរ នៃការអភិវឌ្ឍន៍ សង្គម សេដ្ឋកិច្ច ដើម្បីកសាងកម្ពុជាឱ្យក្លាយជាសង្គមរីកចំរើន ជឿនលឿន ដែលផ្អែកលើមូល ដ្ឋានចំណេះដឹង លើគ្រប់វិស័យ ហើយដើរស្របជាមួយនឹងការរីកចម្រើន នៃបណ្តា ប្រទេសនៅក្នុងតំបន់ និងពិភពលោក។ ការរៀបចំផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុងគោលដៅធានាប្រសិទ្ធភាភាព និងស័ក្តិសិទ្ធ ភាពនៃសមិទ្ធកម្ម ក្នុងវិស័យអប់រំ សំដៅឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ បញ្ចកោណ ដែលមានមុំទី១ ផ្តោត លើការអភិវឌ្ឍមូលធន មនុស្ស៖ «ការពង្រឹងគុណភាព វិស័យ អប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងមុំទី៥ ផ្តោតលើលើការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថល ដែលជាកត្តាគន្លឹះ ដើម្បីនាំកម្ពុជាទៅ សម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍ ប្រកបដោយចីរភាព ស្របតាមក្រោមការដឹកនាំ ដ៍ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។បណ្ឌិត កុលផេង វឌ្ឍនា អគ្គនាយក សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាមានប្រសាសន៍ថា ការទទួលបានសញ្ញាបត្រនេះមិនមែនជាសំណាង និងមិនមែនជាការបញ្ចប់ការរៀនសូត្ររបស់ខ្លួននោះទេ ហើយការបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្ត្រគ្រាន់តែបញ្ជាក់សមត្ថភាពនៃការសិក្សា ប៉ុន្តែសមត្ថភាពសម្រាប់ការងារជាកត្តាផ្សេង ហេតុនេះទាមទារដុសខាត់ចំណេះដឹងនិងត្រូវបន្តការរៀនសូត្រពេញមួយជីវិត និងត្រូវប្រកាន់ខ្ជាប់នូវឥរិយាបទថ្លៃថ្នូរ រៀនស្តាប់ឱ្យបានច្រើនជាងនិយាយ និងបើកចិត្តទូលាយជាមួយអ្នកផងគ្នា កុំចង់ឈ្នះមេតែត្រូវយកបេះដូងមេឱ្យបាន។ បណ្ឌិត កុលផេង វឌ្ឍនា លើកឡើងផងដែរថា៖សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានធ្វើ សហប្រតិបត្តិការ យ៉ាងជោគជ័យបំផុត ជាមួយដៃគូរអន្តរជាតិ ជាច្រើនក្នុងការផ្លាស់ប្តូរ និស្សិត សាស្ត្រាចារ្យ និងបុគ្គលិក ជាពិសេសជាមួយសាកលវិទ្យាល័យ និងវិទ្យាស្ថានល្បីៗ នៅក្រៅប្រទេសមួយចំនួន ដែលមានការរីកចំរើនលើវិស័យអប់រំ និងសិក្សាស្រាវជ្រាវ ដូចជា សាកលវិទ្យាល័យនៅ សហរដ្ឋអាមរិក សហភាពអឺរ៉ុប និងអាស៊ី ប៉ាស៊ីហ្វិក។ សូមសម្រាបថា ពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់ សាមណៈនិស្សិត-និស្សិត នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ខេត្តសៀមរាប សរុបចំនួន ៣៤៤ នាក់ ក្នុងនោះ សាមណនិស្សិត ២អង្គ និងនារីចំនួន ២០៦នាក់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ កន្លងមកនេះ ខណៈ បច្ចុប្បន្ននេះ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ខេត្តសៀមរាប មាននិស្សិតសរុបទាំងអស់ ២ ៥១៧នាក់ ក្នុងនោះមាននិស្សិតដែលកំពុងរៀនថ្នាក់បរិញ្ញាបត្រជាន់ ខ្ពស់ ៩៥នាក់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររងចំនួន ៥៩៩នាក់ និងកំពុងរៀនត្រៀមថ្នាក់ភាសាអង់គ្លេស ចំនួន ១ ៨២៣នាក់៕អត្ថបទ និងរូបភាព៖ លោក យូ វង្សកែសម្រួល៖ លោកស្រី ហែម បូរ៉ាន្នី
ចំនួនអ្នកទស្សនា
វីដែអូ