អយ្យការយោធាក្រសួងការពារជាតិ ប្រជុំផ្សព្វផ្សាយសារៈសំខាន់នៃការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដើម្បីធានាប្រសិទ្ធភាព ភាពត្រឹមត្រូវ និងទាន់ពេលវេលានៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាស្រុកអង្គរធំ ខេត្តសៀមរាប ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ក់ សីហា អនុប្រធានស្ថាប័នអយ្យការយោធា និងឯកឧត្តមឧត្តមសេនីយ៍ទោ គង្គ ប៊ុនធឿន នាយករងនាយកដ្ឋានប្រេងឥន្ធនៈ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារៈសំខាន់នៃការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដើម្បីធានាឱ្យការអនុវត្តច្បាប់ប្រព្រឹត្តទៅដោយប្រសិទ្ធភាព ត្រឹមត្រូវ និងទាន់ពេលវេលា និងការពិនិត្យទិន្នន័យប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយអំពីច្បាប់ស្តីពីកាតព្វកិច្ចយោធា និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការបំផុសចលនាយុទ្ធនាការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា។ឯកឧត្តមឧត្តមសេនីយ៍ទោ គង្គ ប៊ុនធឿន បានធ្វើការបកស្រាយអំពីខ្លឹមសារ និងចំណុចសំខាន់ៗនៃច្បាប់ស្តីពីកាតព្វកិច្ចយោធា ព្រមទាំងការពិនិត្យ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ស្របតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។ ឯកឧត្តមក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ឱ្យស្រង់ស្ថិតិប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៧ឆ្នាំ ដល់២៥ឆ្នាំ ព្រមទាំងពិនិត្យអត្តសញ្ញាណប័ណ្ណដែលផុតសុពលភាព និងអត្តសញ្ញាណប័ណ្ណដែលទើបធ្វើថ្មី។ឯកឧត្តមបញ្ជាក់ថា ការងារនេះមានក្នុងគោលបំណងបម្រើផលប្រយោជន៍រួម ទាំងការបំពេញកាតព្វកិច្ចយោធា និងការរៀបចំការបោះឆ្នោតនាពេលខាងមុខ។ ជាពិសេសអាជ្ញាធរក្នុងមូលដ្ឋានត្រូវពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ដើម្បីរួមចំណែកធានាឱ្យការអនុវត្តកាតព្វកិច្ចយោធាប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងទាន់ពេលវេលា។ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ក់ សីហា បានលើកឡើងពីសារៈសំខាន់នៃការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ព្រមទាំងការធ្វើជំរឿន និងជំរុញការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋក្នុងស្រុកអង្គរធំព្រោះការងារទាំងនេះត្រូវអនុវត្តឱ្យបានត្រឹមត្រូវ និងស្របតាមសេចក្តីណែនាំលេខ០២ និងលេខ០៤ របស់រាជរដ្ឋាភិបាល ដើម្បីធានាឱ្យការអនុវត្តច្បាប់មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ឯកឧត្តមបានបញ្ជាក់ថា អនុក្រឹត្យពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា បានកំណត់អំពីលក្ខខណ្ឌ និងនីតិវិធីសំខាន់ៗ ដូចជា ការធ្វើជំរឿន ការជ្រើសរើស ការអញ្ជើញ ការពន្យារពេល ប្រាក់ឧបត្ថម្ភ គោលរបបផ្សេងៗ និងការលើកទឹកចិត្ត។ ជាមួយគ្នានេះ ក៏បានកំណត់អំពីនីតិវិធីក្នុងការទទួលយកប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធា ឱ្យចូលបម្រើការងារ ឬបន្តការសិក្សាឡើងវិញ។ ម៉្យាងវិញទៀតប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី១៧ឆ្នាំ ដល់២៥ឆ្នាំ ត្រូវចូលរួមក្នុងការធ្វើជំរឿនក្នុងនោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល២៤ខែ។បន្ថែមពីនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្សព្វផ្សាយ និងបំផុសចលនាយុវជន ឱ្យយល់កាន់តែច្បាស់អំពីសិទ្ធិ កាតព្វកិច្ច និងផលប្រយោជន៍នៃការចូលរួមបំពេញកាតព្វកិច្ចយោធាដោយស្ម័គ្រចិត្ត។ ជាពិសេសការចូលរួមរបស់យុវជន នឹងរួមចំណែកបណ្តុះស្មារតីវិន័យ កិត្តិយស សេចក្តីថ្លៃថ្នូរ និងការទទួលខុសត្រូវចំពោះជាតិ និងមាតុភូមិ។សូមជម្រាបជូនថាដោយក្នុងកិច្ចប្រជុំនោះក៏បានបើកឱកាសឱ្យសមាជិកចូលទាំងអស់លើកជាសំណួរ និងសំណូមពរពាក់ព័ន្ធនឹងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការអនុវត្តច្បាប់ ព្រមទាំងធ្វើការបកស្រាយ និងឆ្លើយតបភ្លាមៗ ដើម្បីឱ្យអ្នកចូលរួមមានការយល់ដឹងកាន់តែច្បាស់ និងចូលរួមអនុវត្តច្បាប់បានត្រឹមត្រូវ និងមានប្រសិទ្ធភាព៕អត្ថបទ៖ លោក ឆាន ញ៉ាកែសម្រួល៖ លោក អ៊ុន ណារាជ្យ
ចំនួនអ្នកទស្សនា
វីដែអូ