ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ៖ ការបង្កើតសាលាមត្តេយ្យសិក្សាសហគមន៍ ជួយឱ្យកុមារនៅតំបន់ដាច់ស្រយាលទទួលបានការអប់រំនៅជិតផ្ទះ
Mon,07 September 2026 (Time 08:46 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 16នាក់)

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ៖ ការបង្កើតសាលាមត្តេយ្យសិក្សាសហគមន៍ ជួយឱ្យកុមារនៅតំបន់ដាច់ស្រយាលទទួលបានការអប់រំនៅជិតផ្ទះ

សៀមរាប៖នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃសាលាមត្តេយ្យសិក្សាសហគមន៍ «ភូមិគោកថ្មី សន្តិភាព» ស្ថិតក្នុងភូមិគោកថ្មី ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានថ្លែងថា ការបង្កើតសាលាមត្តេយ្យសិក្សាសហគមន៍ គឺជួយឱ្យកុមារនៅតំបន់ជនបទដាច់ស្រយាលអាចទទួលបានសេវាអប់រំកុមារតូចដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ។ លើសពីនេះ មត្តេយ្យសិក្សាតាមសហគមន៍ មានអត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងការជួយអភិវឌ្ឍកុមារតូចនៅតាមមូលដ្ឋាន មុនពេលពួកគេឈានចូលរៀនថ្នាក់បឋមសិក្សា ព្រមទាំងជួយបណ្តុះស្មារតី គំនិត និងចំណេះដឹងដំបូងរបស់កុមារឱ្យបានល្អប្រសើរ។

ឯកឧត្តម អ្នកឧកញ៉ា បានបន្តថា សាលាមត្តេយ្យសិក្សាសហគមន៍ដែលដាក់ឱ្យប្រើប្រាស់នាពេលនេះ នឹងក្លាយជាកន្លែងផ្តល់ចំណេះដឹងល្អៗ និងផ្តល់ឱកាសឱ្យកុមារក្នុងតំបន់ទទួលបានការអប់រំបានគ្រប់ៗគ្នាពីសំណាក់លោកគ្រូ អ្នកគ្រូ ដើម្បីជាមូលដ្ឋានក្នុងការត្រៀមលក្ខណៈ និងបង្កើតទម្លាប់នៃការសិក្សារបស់កុមារ។

ជាមួយគ្នានេះ ឯកឧត្តម អ្នកតំណាងរាស្ត្រក៏បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់បញ្ជូនកូនចៅឱ្យចូលរៀនថ្នាក់មត្តេយ្យសិក្សាឱ្យបានគ្រប់ៗគ្នា ព្រោះនេះជាថ្នាលបណ្តុះបណ្តាលដំបូងដើម្បីឱ្យកុមារចេះស្រឡាញ់ការសិក្សាតាំងពីតូច។ ដូច្នេះ ឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ ចាំបាច់ត្រូវសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងលោកគ្រូ អ្នកគ្រូ ដើម្បីធានាថាកូនៗគ្រប់រូបក្នុងសហគមន៍ទទួលបានឱកាសរៀនសូត្ររហូតដល់កម្រិតខ្ពស់ ដោយជំរុញឱ្យពួកគេមកសាលារៀនបានទៀងទាត់ ចៀសវាងការបោះបង់ការសិក្សាមុនអាយុ ព្រោះ «កុមារថ្ងៃនេះ គឺជាទំពាំងស្នងឫស្សី និងជាអនាគតដ៏ភ្លឺស្វាងនៃសង្គមជាតិនៅថ្ងៃស្អែក»។

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានឱ្យដឹងថា សាលាមត្តេយ្យសិក្សាសហគមន៍ភូមិគោកថ្មី សន្តិភាព ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយផ្អែកលើសំណូមពរ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅភូមិគោកថ្មី និងភូមិរើល។ កន្លងមក សាលាមត្តេយ្យរដ្ឋដែលមានស្រាប់មានទីតាំងនៅឆ្ងាយ ដែលធ្វើឱ្យគ្រួសារមួយចំនួនជួបការលំបាកក្នុងការបញ្ជូនកូនចៅទៅរៀន។ ដោយហេតុនេះ ប្រជាពលរដ្ឋបានស្នើសុំអាជ្ញាធរឃុំឱ្យជួយសម្របសម្រួលបង្កើតសាលាមត្តេយ្យសហគមន៍នៅក្នុងមូលដ្ឋាន ដើម្បីឱ្យកុមារអាចទទួលបានការអប់រំនៅជិតផ្ទះ។

លោកអភិបាលស្រុកបានបញ្ជាក់បន្ថែមថា ដោយសារសាលាមត្តេយ្យសហគមន៍បានដំណើរការបង្រៀនជាបន្តបន្ទាប់ មានកុមារចូលរៀនកាន់តែច្រើន ហើយទីតាំងបង្រៀនកន្លងមកជាទីតាំងបណ្តោះអាសន្នមិនសមស្របសម្រាប់ការបង្រៀនរយៈពេលវែង ទើបប្រជាពលរដ្ឋ និងអាជ្ញាធរឃុំបានស្នើសុំរៀបចំទីតាំងសាងសង់អគារសាលាមត្តេយ្យសហគមន៍អចិន្ត្រៃយ៍។ ជាការឆ្លើយតប សប្បុរសជនក្នុងភូមិគោកថ្មី គឺលោក ហួក កេត និងអ្នកស្រី សាន់ យ៉ាង បានបរិច្ចាគដី ១កន្លែង ទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ (ស្មើនឹង ៦០០ម៉ែត្រការ៉េ) ជូនឃុំសម្រាប់ប្រើប្រាស់ជាទីតាំងសាលាមត្តេយ្យសហគមន៍ស្តង់ដារ។
ក្នុងការរៀបចំ និងសាងសង់សាលាមត្តេយ្យសិក្សាសហគមន៍នេះ ទទួលបានការឧបត្ថម្ភ និងការជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់ ព្រមទាំងការគាំទ្រពេញលេញពី ឯកឧត្តម ឃុត វុត្យារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ និងប្រធានក្រុមការងារចុះជួយឃុំក្រូចគរ រួមជាមួយក្រុមការងារ។ គម្រោងនេះបានសាងសង់អគារសាលារៀន ១ខ្នង មាន ១បន្ទប់, បង្គន់អនាម័យ ១ខ្នង មាន ២បន្ទប់, ក្លោងទ្វារសាលា, របងព័ទ្ធជុំវិញ, ការបុកអណ្តូងទឹក, ការតភ្ជាប់បណ្តាញអគ្គិសនី, ការបំពាក់តុកៅអីសិស្ស ព្រមទាំងការធ្វើផ្លូវបេតុងក្នុងសាលា និងចាក់ថ្មក្រួសផ្លូវមុខសាលា ដោយចំណាយថវិកាសរុបចំនួន ១៤,៤៨០ ដុល្លារ។

ជំនួសមុខឱ្យប្រជាពលរដ្ឋឃុំក្រូចគរទាំងអស់ លោក សុខ ណារ៉េត ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឃុត វុត្យារិទ្ធ និងក្រុមការងារចុះជួយឃុំក្រូចគរ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាងសាលាមត្តេយ្យសិក្សាសហគមន៍នេះ ដើម្បីជាកន្លែលផ្ដល់ការសិក្សាជាមូលដ្ឋានដំបូងរបស់កុមារតូចៗនៅក្នុងមូលដ្ឋាន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
338 នាក់
ម្សិលមិញ :
261 នាក់
សប្តាហ៍នេះ :
2866 នាក់
ខែនេះ :
9571 នាក់
3 ខែនេះ :
33901 នាក់
សរុប :
2092351 នាក់

វីដែអូ