ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តបាត់ដំបង
Mon,07 September 2026 (Time 09:46 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 13នាក់)

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តបាត់ដំបង

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្របឹងទន្លេសាប ស្ថិតក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបង ដើម្បីពង្រឹងការការពារធនធានជលផល និងអភិរក្សពូជត្រីក្នុងរដូវបិទនេសាទ។

ឯកឧត្តម ប៉ែន ផល្លីកា បានប្រសាសន៍ថា ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ (ប្រភេទស្បៃមុង) នៅនឹងកន្លែង រួមមាន៖
ឧបករណ៍លូស្បៃមុង៖ ចំនួន ៧ខ្សែ
របាំងស្បៃមុង៖ ប្រវែង ៣៥០ម៉ែត្រ
ក្បាលលូស្បៃមុង៖ ចំនួន ៧គ្រឿង
បង្គោលចម្រឹង៖ ចំនួន ២០០ដើម
និងបានចាក់លែងត្រីចម្រុះចំនួន ១០គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញ។ បន្ថែមពីនេះ ក្រុមការងារបានចុះពិនិត្យការធ្វើនេសាទ ដោយប្រើប្រាស់ឧបករណ៍លបណរ (ឬរ៉ាវ) ចំនួន ៧០របាំង ដោយបានផ្ទៀងផ្ទាត់ឃើញថា ការនេសាទទាំងនោះត្រូវបានអនុវត្តត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេស និងបទប្បញ្ញត្តិច្បាប់កំណត់។

ក្នុងឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចម្រុះ និងអាជ្ញាធរមានសមត្ថកិច្ចជលផលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មក្នុងការការពារ និងអភិរក្សធនធានជលផលនាពេលកន្លងមក។ ឯកឧត្តមបានគូសបញ្ជាក់ថា ការទប់ស្កាត់បទល្មើសក្នុងរដូវត្រីពងកូននេះ គឺជួយបង្កើនផលស្តុកត្រីឱ្យកាន់តែសម្បូរបែប សម្រាប់ទ្រទ្រង់ជីវភាពរបស់ប្រជានេសាទដែលប្រកបរបរស្របច្បាប់ និងរក្សាពូជត្រីឱ្យគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ឱ្យសមត្ថកិច្ចជំនាញ បន្តបេសកកម្មអភិរក្ស និងទប់ស្កាត់បទល្មើសជលផលឱ្យកាន់តែមានប្រសិទ្ធភាព និងរៀបរយបន្ថែមទៀត ៕
អត្ថបទនិងរូបភាព : លោក ទុំ សាមុត
កែសម្រួល: លោក ហាំ ម៉េងហួត

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
336 នាក់
ម្សិលមិញ :
261 នាក់
សប្តាហ៍នេះ :
2864 នាក់
ខែនេះ :
9569 នាក់
3 ខែនេះ :
33899 នាក់
សរុប :
2092349 នាក់

វីដែអូ